Search

គណៈកម្មការ មូលបត្រផ្តល់ អាជ្ញាបណ្ណ៣ប្រភេទ ដល់ក្រុមហ៊ុនឲ្យបើកដំណើរការ នៅកម្ពុជា

Posted on 28 August 2019 | 12:53 ភ្នំពេញ ៖ គណៈកម្មការមូលបត្រកម្ពុជា បានផ្តល់អាជ្ញាបណ្ណ៣ប្រភេទ ដល់ក្រុមហ៊ុនមួយដើម្បី អនុញ្ញាតឲ្យធ្វើអាជីវកម្មនៅកម្ពុជា ។

លោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា បានឲ្យដឹងក្នុងពិធីប្រគល់អាជ្ញាបណ្ណ និងការបើកសម្ពោធជាផ្លូវការក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ហ្គោលវេលឯ.ក នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ថា គណៈកម្មការមូលបត្រកម្ពុជាបានផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនហ្គោល វេល ឯ.ក ជាមួយក្រុមហ៊ុនទី១ដែលទទួលបានចំនួនបីប្រភេទ រួមមាន៖១. អាជ្ញាបណ្ណអាជីវកម្មបង្កើត គ្រប់គ្រងនិងចាត់ចែងមូលនិធិសាធារណៈ , ២.អាជ្ញាបណ្ណអាជីវកម្មបង្កើតគ្រប់គ្រង និងចាត់ចែងមូលនិធិឯកជន និង៣.អាជ្ញាបណ្ណអាជីវកម្មបង្កើតគ្រប់គ្រង និងចាង់ចែងមូលនិធិសាធារណៈ ឬឯកជនដែលធ្វើឡើងតាមរយៈប្រព័ន្ធបច្ចេកវិទ្យា។

លោកបញ្ជាក់ថា ពិធីប្រគល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនគ្រប់គ្រង មូលនិធិថ្ងៃនេះគឺឆ្លុះបញ្ចាំងយ៉ាងច្បាស់ជាថ្មីបន្ថែមទៀតនូវឆន្ទៈដ៏មុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ឲ្យដំណើរទីផ្សារគម្រោងវិនិយោគរួមនៅកម្ពុជា បន្ទាប់ពីដាក់ឲ្យដំណើរការទីផ្សារ មូលបត្រកម្មសិទ្ធិនៅឆ្នាំ២០១២ ដោយដាក់ដំណើរការទីផ្សារ ឧបរណ៍និស្សន្ទក្នុងឆ្នាំ២០១៦ និងដាក់ដំណើរការទីផ្សារមូលបត្របំណុលចុងឆ្នាំ២០១៨។

លោកបញ្ជាក់ថា «នៅបច្ចុប្បន្ននេះ យើងមានក្រុមហ៊ុនបោះផ្សាយចំនួន៥ដែលបញ្ជីដល់មូលបត្រកម្មសិទ្ធិនៅលើទីផ្សារ មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន២ និងធានាគារពាណិជ្ជចំនួន១ បានចុះបញ្ជីបោះផ្សាយ និងបំណុលនៅលើទីផ្សារមូលបត្រកម្ពុជា»។

លោកបង្ហាញក្តីរំពឹងថា ចុងឆ្នាំ២០១៩នេះ គណៈកម្មការមូលបត្រនឹងមានក្រុមហ៊ុន១ ឬ២ទៀតចុះបញ្ជីពីការបោះផ្សាយមូលបត្រ បំណុលជាសាធារណៈនៅកម្ពុជា។ ចំពោះទីផ្សារឧបករណ៍និស្សន្ទ គណៈកម្មការមួលបត្របាន ផ្តល់អាជ្ញាបណ្ណឬអនុញ្ញាតដល់ក្រុមហ៊ុនចំនួន៣៤ឲ្យធ្វើអាជីវកម្ម ហើយទីផ្សារនេះមានកំណើនខ្ពស់គួរ ឲ្យកត់សម្គាល់។

លោកស្រី ងួន សុខា រដ្ឋលេខាធិការក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ការប្រគល់ និងសម្ពោធដាក់ឲ្យដំណើរការក្រុមហ៊ុនគ្រប់គ្រង មូលនិធិហ្គោលវេល ឯ.ក ជាក្រុមហ៊ុន គ្រប់គ្រងមូលនិធិមួយក្នុងចំណោមក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ៤ ដែលទទួលបានអាជ្ញាបណ្ណជាផ្លូវការ ពីគណៈកម្មការមូលបត្រកម្ពុជា៕ ដោយ ស សំណាង




25 views0 comments